ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅដល់ទីក្រុងម៉ូស្គូ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី (APA)
នារាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសភាតំបន់អាស៊ី (APA) បានដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅដល់ទីក្រុងម៉ូស្គូ ដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី (APA)។ ក្នុងឱកាសនោះ គណៈប្រតិភូសភាកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម Alexy CHEPA អនុប្រធានគណៈកម្មការបរទេស នៃសភាឌូម៉ា សហព័ន្ធរុស្សី និងជាប្រធានក្រុមមិត្តភាពទ្វេភាគីសភារុស្សី និងកម្ពុជា ព្រមទាំងឯកឧត្តមអគ្គរាជទូតកម្ពុជា ប្រចាំនៅសហព័ន្ធរុស្សី។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តម Alexy CHEPA នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ (កម្ពុជា-រុស្សី) ព្រមទាំងសិក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។